ប្រសិនបើមានលក្ខណៈពិសេសមួយដែលតំណាងឱ្យម្ហូបវៀតណាម នោះគឺភាពស្រស់ស្រពោននៃគ្រឿងផ្សំទាំងអស់។ ដើរកាត់ទីផ្សារវៀតណាមណាក៏ដោយ អ្នកនឹងភ្ញាក់ផ្អើលចំពោះផលសមុទ្រ និងផលដំណាំយ៉ាងសម្បូរបែប។ ត្រូវបានបេះនៅព្រឹកព្រលឹមដូចគ្នា ជីរក្រអូបស្រស់ៗ បន្លែផ្លែឈើទ្រលុកទ្រលន់ និងសាច់ស្រស់ៗគឺកំពុង រង់ចាំចុងភៅដ៏ស្ទាត់ជំនាញមកច្នៃពួកវាឱ្យទៅជា អ្វីមួយដ៏អស្ចារ្យ។ ភាពស្រស់គឺជាចំណុចចាប់ផ្តើមនៃភាពរីករាយ។ គ្រឿងផ្សំដ៏ល្អៗទាំងនេះ ត្រូវបានបន្ថែមរសជាតិដោយជីរក្រអូប ហើយចុងភៅវៀតណាមដឹងពីរបៀបបូកផ្សំគ្រឿងផ្សំដែលមានទម្រង់ខុសៗគ្នា ដើម្បីទទួលបានរសជាតិដិត និងភាពស្រួយឆ្ងាញ់បំផុត។ និយាយឱ្យចំទៅ វាគឺ ជាអាហារមួយក្នុងចំណោមអាហារដែលល្អចំពោះសុខភាពបំផុត និងគួរឱ្យចង់ញ៉ាំបំផុតនៅលើពិភពលោក។
ធ្វើដំណើរជុំវិញប្រទេសនេះ ហើយអ្នកនឹងឃើញថា រសជាតិ និងមុខម្ហូបមានភាពខុសៗគ្នាពីភាគខាងជើងទៅភាគខាងត្បូង។ នៅរាជធានី អ្នកស្រុកអាចញ៉ាំអាហារថ្ងៃត្រង់ bún chả ជាមួយសាច់ជ្រូកបីជាន់ ខណៈដែលអ្នកសៃហ្គន ញ៉ាំ bánh xèo (នំគ្រក់ស្រួយ) រុំជាមួយ បន្លែស្រស់ និងជ្រលក់ទឹកត្រីជូរអែម។ នៅអតីតរាជធានីបុរាណ bún bò Huế ដែលមានសាច់ច្រើន គឺជាអាហារពេលព្រឹកដែលគេពេញនិយមបំផុត ខណៈពេលដែលនៅ ហយអាន (Hội An) អ្នកមិនអាចរំលងមី cao lầu មួយចានដ៏ឆ្ងាញ់ពិសាសម្រាប់អាហារសម្រន់ឡើយ។ ចាប់ពីការធ្វើអាហារសាមញ្ញនៅតាមផ្ទះ រហូតដល់អាហារតាមចិញ្ចើមផ្លូវដ៏ទាក់ទាញ និងអាហារវៀតណាមទំនើប អ្នកប្រហែលជាត្រូវចំណាយពេលមួយជីវិតដើម្បីភ្លក់អាហារដ៏សម្បូរបែប និងឆ្ងាញ់ពិសាទាំងនេះ។