វាលស្រែខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែក។ សំឡេងមាន់កក្អែក។ ផ្ទះខ្ពស់ផុតពីដីហ៊ុមព័ទ្ធដោយជួរភ្នំគ្របដណ្តប់ដោយព្រៃឈើ។ ម្ហូបអាហារសាមញ្ញនិងស្រស់ៗ។ ទាំងនេះគឺជាចំណាប់អារម្មណ៍ដែល Mai Châu នឹងផ្តល់ឱ្យអ្នក។ ស្ថិតនៅទីតាំងដែលងាយស្រួលធ្វើដំណើរពីទីក្រុងហាណូយ Mai Châu ផ្តល់នូវបរិយាកាសដ៏ស្រស់ស្រាយ និងជាជម្រើសដ៏ល្អប្រសិនបើអ្នកកំពុងស្វែងរកគោលដៅទេសចរណ៍ដ៏ស្ងប់ស្ងាត់ សម្បូរបែបទៅដោយធម្មជាតិ និងវប្បធម៌។ នេះគឺជាអ្វីដែលល្អបំផុតទាំងប្រាំពីរដែលត្រូវធ្វើនៅក្នុង Mai Châu។
ភ្ញាក់ដឹងខ្លួនក្នុងធម្មជាតិ

ពេលព្រឹកគឺជាពេលវេលាដ៏ល្អសម្រាប់ការដើរលម្ហែកាយដោយសន្តិភាពកាត់តាម Mai Châu។ ជាមួយនឹងភូមិតូចៗនៅរាយប៉ាយតាមជ្រលងភ្នំ ផ្លូវបត់បែន និងសួនច្បារដ៏ស្ងប់ស្ងាត់ វាងាយស្រួលក្នុងការដើររុករកដោយខ្លួនឯង។ ក្រឡេកមើលទៅហាងលក់ភេសជ្ជៈ ដែលអ្នកអាចក្រេបរសជាតិ cà phê phin (កាហ្វេវៀតណាម) ខណៈពេលសម្លឹងមើលទៅវាលស្រែដែលមានមេអំបៅហើររេរាំ។
ស្វែងយល់អំពីវាយនភណ្ឌជនជាតិភាគតិច

នៅពេលទៅលេង Mai Châu កុំខកខានឱកាសទិញក្រណាត់ដ៏ស្រស់ស្អាតដែលត្បាញដោយប្រជាជនថៃស (White Thai)។ ហាងក្នុងស្រុកថែមទាំងមានកីត្បាញនៅខាងមុខ ដែលអ្នកអាចទស្សនាអ្នកស្រុកត្បាញក្រណាត់ ឬសាកល្បងត្បាញដោយខ្លួនឯង។ សម្រាប់ការទិញទំនិញបែបជួយសង្គម សូមចូលទៅកាន់ ហាង Hoa Ban+ ក្នុងភូមិ Lac ដែលជាសហគ្រាសសង្គមផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ស្ត្រីមកពីក្រុមជនជាតិភាគតិចថៃស។
ធាក់កង់កាត់ជ្រលងភ្នំ

វិធីដ៏ល្អបំផុតមួយដើម្បីទទួលបានបទពិសោធន៍នៅ Mai Châu គឺការជិះកង់។ អ្នកអាចចេញដំណើរដោយខ្លួនឯង ឬជួលមគ្គុទ្ទេសក៍ដើម្បីជួយអ្នកក្នុងការស្វែងរកផ្លូវលំជាច្រើនកាត់ជ្រលងភ្នំ។ មគ្គុទ្ទេសក៍ក៏អាចណែនាំអ្នកឱ្យស្គាល់គ្រួសារជនជាតិថៃសផងដែរ។ អង្គុយលេងនៅក្នុងផ្ទះខ្ពស់ផុតពីដីដ៏វែងរបស់ពួកគេ ដែលអ្នកអាចក្រេបតែ ញ៉ាំផ្លែគូលែន និងស្វែងយល់បន្ថែមអំពីជីវិតនៅជនបទ។
ណែនាំ៖ សណ្ឋាគាររបស់អ្នកអាចជួយអ្នកកក់ដំណើរកម្សាន្តដោយជិះកង់ ឬអ្នកអាចស្វែងរកមគ្គុទ្ទេសក៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ Mai Châu Lodge។ ប្រសិនបើអ្នកមិនអាចជិះកង់បានទេ អ្នកនៅតែអាចរុករកជ្រលងភ្នំជាមួយនឹងរទេះអគ្គិសនីបាន។
ភ្លក្សរសជាតិម្ហូបស្រស់ៗពីកសិដ្ឋាន

ម្ហូបរបស់ Mai Châu គឺមានភាពស្រស់ថ្មីបំផុត។ ចាប់ផ្តើមអាហាររបស់អ្នកជាមួយ cơm lam (បាយឡាមដុតក្នុងបំពង់ឫស្សី)។ បកសំបកឫស្សីចេញ ហើយជ្រលក់បាយក្នុងសណ្តែកដីបុក ដើម្បីទទួលបានរសជាតិដ៏ឆ្ងាញ់ពិសា។ Gà đồi (មាន់ស្រែអាំង) thịt lợn xiên nướng (សាច់ជ្រូកចង្កាក់អាំង) និងឆាបន្លែបៃតង គឺជាមុខម្ហូបពេញនិយមមួយចំនួនរបស់ Mai Châu។ ប្រសិនបើអ្នកចង់សាកល្បងអ្វីដែលប្លែក សូមសាកល្បង ve sầu chiên ដែលជាមុខម្ហូបក្នុងស្រុកធ្វើពីសត្វរបោមញាត់ស្នូលបំពង។
រីករាយជាមួយរបាំ និងតន្ត្រីជនជាតិភាគតិច

ការសម្តែងប្រពៃណីគឺជាផ្នែកមួយដ៏ពិសេសរាល់ពេលមកទស្សនា Mai Châu។ តន្ត្រីករជនជាតិថៃសមានជំនាញក្នុងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដើម្បីច្នៃជាឧបករណ៍តន្ត្រីដែលបង្កើតជាចង្វាក់ដ៏ជក់ចិត្ត។ បន្ទាប់ពីអាហារពេលល្ងាច សម្រាកកាយ និងទស្សនាការសម្តែងរបស់ជនជាតិថៃស។ ការសម្តែងទាំងនេះមានតន្ត្រីប្រជាប្រិយផ្ទាល់ និងអ្នករាំក្នុងសម្លៀកបំពាក់ប្រពៃណីពេញលេញ។
អានបន្ថែម៖ ២០ ពេលវេលាដែលត្រូវតែឆ្លងកាត់នៅក្នុងប្រទេសវៀតណាម
គេងក្នុងផ្ទះខ្ពស់ផុតពីដី

ប្រសិនបើអ្នកមិនធ្លាប់សាកល្បងគេងក្នុងផ្ទះខ្ពស់ផុតពីដីទេ អ្នកអាចសាកល្បងបាននៅ Mai Châu។ ផ្ទះស្នាក់ (homestay) បែបផ្ទះឈើខ្ពស់ផុតពីដី អាចស្វែងរកបានយ៉ាងងាយស្រួលនៅក្នុងភូមិ Lac និងភូមិ Poom Coọng។ ផ្ទះទាំងនេះជាទូទៅមានកន្លែងស្នាក់នៅស្អាត និងសាមញ្ញ ជាមួយបន្ទប់ទឹកជួបគ្នា និងកន្លែងគេងបែបលំហរចំហ។ Mai Châu ក៏មាន សណ្ឋាគារលំដាប់ផ្កាយបួន ក៏ដូចជាកន្លែងស្នាក់នៅដ៏ស្រស់ស្អាតជាមួយនឹងទិដ្ឋភាពវាលស្រែផងដែរ។
ណែនាំ៖ រំពឹងថានឹងត្រូវបង់ប្រាក់ប្រហែល 200,000 VND សម្រាប់ផ្ទះស្នាក់បែបធម្មជាតិ 600,000 VND សម្រាប់កន្លែងស្នាក់នៅបែបកសិដ្ឋាន និង 1,500,000 VND សម្រាប់សណ្ឋាគារលំដាប់ផ្កាយបួន។
រុករកធម្មជាតិខាងក្រៅ

តំបន់ជនបទជុំវិញ Mai Châu គឺល្អឥតខ្ចោះសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ អ្នកប្រហែលជាចង់ចុះឈ្មោះជិះទូកកាយ៉ាកនៅពេលព្រឹកនៅលើអាងស្តុកទឹក Hòa Bình ឬធ្វើដំណើរដើរព្រៃពេញមួយថ្ងៃនៅក្នុងតំបន់អភិរក្សធម្មជាតិ Pù Luông ដែលនៅជិតខាង។ សណ្ឋាគារ និងផ្ទះស្នាក់ជាច្រើននៅក្នុង Mai Châu ផ្តល់ជូននូវដំណើរទេសចរណ៍ទៅកាន់រូងភ្នំ និងទឹកធ្លាក់នៅក្បែរនោះ។ អ្នកក៏អាចកក់កញ្ចប់សេវាកម្មសម្រាប់សកម្មភាពក្រៅផ្ទះជាមុនជាមួយក្រុមហ៊ុនទេសចរណ៍នៅទីក្រុងហាណូយផងដែរ។
ការធ្វើដំណើរទៅកាន់ Mai Châu

ការធ្វើដំណើរទៅកាន់ Mai Châu ពីទីក្រុងហាណូយ ចំណាយពេលប្រហែលជាបីម៉ោង។ អ្នកអាចរៀបចំការធ្វើដំណើរឯកជនដោយរថយន្ត ជិះរថយន្តវ៉ែនរួមគ្នា ជិះឡានក្រុងពីស្ថានីយឡានក្រុង My Dinh ឬបើកបរម៉ូតូទៅទីនោះដោយខ្លួនឯង។ ពេលព្រឹកគឺជាពេលវេលាដ៏ល្អបំផុតក្នុងការធ្វើដំណើរ ដើម្បីឱ្យអ្នកអាចរីករាយជាមួយទស្សនីយភាពដ៏ស្រស់ត្រកាលនៅច្រកភ្នំ Thung Khe និងទេសភាពចំហៀងច្រាំងថ្មនៃជ្រលងភ្នំ Mai Châu។
គន្លឹះ៖ ពេលវេលាល្អបំផុតដើម្បីទៅលេង Mai Châu គឺចាប់ពីខែមីនា ដល់ខែឧសភា ឬអំឡុងរដូវប្រមូលផលពីខែកញ្ញា ដល់ខែវិច្ឆិកា។