វៀតណាមពោរពេញទៅដោយកំពូលភ្នំ ព្រៃឈើ ទឹកធ្លាក់យ៉ាងគ្រហឹម និងឆ្នេរសមុទ្រមានខ្យល់អាកាសបរិសុទ្ធ មិនមែនជារឿងចម្លែកទេដែលប្រទេសនេះកំពុងទាក់ទាញ អ្នកចូលចិត្តសកម្មភាពក្រៅផ្ទះកាន់តែច្រើនឡើងៗ។ ជាមួយនឹងជម្រើសដ៏ច្រើនសន្ធឹកសន្ធាប់នៅចុងម្រាមដៃរបស់អ្នក អ្នកប្រហែលជាត្រូវការដំណើរកម្សាន្តលើកទីពីរ (ឬទីបី) ដើម្បីរីករាយជាមួយអ្វីៗទាំងអស់នេះ។ ហើយខណៈពេលដែលមានសកម្មភាពរំភើបញាប់ញ័រជាច្រើន ប្រទេសវៀតណាមក៏ផ្តល់នូវវិធីលំហែកាយកាន់តែស្រួលដើម្បីរីករាយជាមួយតំបន់ទាក់ទាញធម្មជាតិដ៏ធំល្វឹងល្វើយរបស់ខ្លួនផងដែរ។ ចុះយ៉ាងណាចំពោះការជិះទូកកម្សាន្តក្នុងព្រៃកោងកាង Can Gio? ឬលេងកូនហ្គោល ១៨ រន្ធនៅទីលានលំដាប់ថ្នាក់ឆ្នើមក្នុងទីក្រុង Da Nang? ឬជិះក្តារអុំឈរនៅលើឆ្នេរសមុទ្រ Hoi An? អ្នកជាអ្នកជ្រើសរើស។
រឿងមួយដែលប្រាកដនោះគឺ ប្រទេសវៀតណាមជាប្រទេសដែលល្អបំផុតក្នុងការទស្សនាតាមរយៈយានយន្តកង់ពីរ។ ដំណើរកម្សាន្តជិះកង់ចម្ងាយឆ្ងាយ និងជិះម៉ូតូ គឺស័ក្តិសមបំផុតសម្រាប់ស្រូបយកទិដ្ឋភាពប្រជុំភ្នំដ៏ធំទូលាយ និងវាលស្រែចែងចាំងពន្លឺព្រះអាទិត្យ ដោយមិនបាច់និយាយដល់ជីវិតរស់នៅ របស់ប្រជាជនមូលដ្ឋាន ដែលអ្នកនឹងបានឃើញតាមផ្លូវនោះទេ។ វៀតណាមបានផ្តល់នូវសកម្មភាពមុជទឹកយ៉ាងអស្ចារ្យនៅ Nha Trang ការជិះក្តារខ្លែងលើទឹកនៅ Mui Ne និងការដើរភ្នំនៅលើជម្រាលភ្នំថ្នាក់ៗនៃ Sa Pa ជាយូរមកហើយ។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ប្រព័ន្ធរូងភ្នំដ៏អស្ចារ្យនៃឧទ្យានជាតិ Phong Nha-Ke Bang កំពុង បង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង។ តើយើងបានរៀបរាប់អំពីការហោះហើរ Hang gliding នៅខាងក្រៅក្រុងហាណូយ និងការជិះទូកកាយ៉ាក់នៅ Bai Tu Long ហើយឬនៅ? នៅពេលនិយាយអំពីការផ្សងព្រេងក្នុងប្រទេសវៀតណាម បញ្ជីសកម្មភាព គឺពិតជារំភើប និងអាចនិយាយបានថាគ្មានទីបញ្ចប់ឡើយ។