រំលិលខ្លួនចុះតាមស្លាយទឹកដ៏រំភើបញាប់ញ័រ វាយកូនហ្គោលនៅលើទីលានដ៏ស្រស់ស្អាតក្បែរមហាសមុទ្រ ឬគ្រាន់តែគេងហាលថ្ងៃនៅលើឆ្នេរខ្សាច់ -- នៅ Vinpearl Nam Hội An បញ្ហាតែមួយគត់របស់អ្នកគឺការជ្រើសរើសថាត្រូវលេងសកម្មភាពសប្បាយៗណាមុនគេ។ ស្ថិតនៅចម្ងាយត្រឹមតែប្រហែលកន្លះម៉ោងប៉ុណ្ណោះពីទីក្រុងបុរាណហូយអាន (Hội An Ancient Town) តំបន់កម្សាន្តដ៏ទំនើបនេះគឺជាកន្លែងដ៏រំភើបមួយសម្រាប់វិស្សមកាលរបស់អ្នកនៅភាគកណ្តាលនៃប្រទេសវៀតណាម។ ស្វែងយល់ពីសកម្មភាពកំពូលៗទាំងប្រាំដែលត្រូវធ្វើនៅពេលអ្នកមកដល់ទីនេះ។  


ភ្ញាក់ពីគេងជាមួយពន្លឺព្រះអាទិត្យរះ

រីសត ហូយអាន វៀតណាម

វាមិនមែនជាការចៃដន្យទេដែលឆ្នេរខ្សាច់នៅខាងក្រៅបង្អួចរបស់អ្នកនៅ Vinpearl Nam Hội An ត្រូវបានគេដាក់ឈ្មោះថា Bình Minh (ថ្ងៃរះ)។ ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកដោយការរីករាយជាមួយទិដ្ឋភាពថ្ងៃលិចនៅខាងក្រៅបន្ទប់របស់អ្នក។ រាល់បន្ទប់ដែលមានទិដ្ឋភាពសមុទ្រទាំងអស់នៅ Vinpearl Resort & Golf Nam Hội An ត្រូវបានតុបតែងលម្អដោយគ្រឿងសង្ហារិមទំនើបៗ និងមានបំពាក់នូវអាងងូតទឹក ព្រមទាំងយ៉រឯកជន។ ធ្វើដំណើរជាមួយក្រុមគ្រួសារមែនទេ? ជ្រើសរើសវីឡាដែលមានបន្ទប់គេងបី ដែលអាងហែលទឹកផ្ទាល់ខ្លួនរបស់អ្នកស្ថិតនៅចម្ងាយត្រឹមតែពីរបីជំហានប៉ុណ្ណោះពីឆ្នេរខ្សាច់ដ៏ម៉ត់ខៃ។ ប្រើប្រាស់ពេលវេលាពេលព្រឹកដ៏ស្រស់ថ្លាឱ្យមានតម្លៃបំផុត និងចូលរួមថ្នាក់រៀនយូហ្គានៅលើឆ្នេរខ្សាច់ មុនពេលទៅញ៉ាំអាហារពេលព្រឹកប៊ូហ្វេដ៏ឆ្ងាញ់ពិសា។ 


សាកល្បងល្បែងកម្សាន្តដែលធ្វើឱ្យបេះដូងលោតញាប់ 

វីនភើល ហូយអាន

សួនកម្សាន្ត និងសួនទឹកនៅ Vinpearl Nam Hội An គឺជាមូលហេតុចម្ងាយមួយដែលអ្នកគួរតែមកកម្សាន្តនៅទីនេះ។ ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរមកពីគ្រប់ទិសទីមកទីនេះដើម្បីរីករាយជាមួយការកម្សាន្តជាច្រើនម៉ោងជាមួយនឹងល្បែងកម្សាន្តដ៏រំភើប និងអាងហែលទឹកដ៏គួរឱ្យទាក់ទាញរបស់សួនកម្សាន្តនេះ។ សម្រាប់អ្នកដែលចូលចិត្តភាពរំភើបញាប់ញ័រ ស្វីសថៅវើ (Swiss Tower) នៅ VinWonders Nam Hội An គឺជាកន្លែងដែលមិនអាចរំលងបាន។ ម៉ាស៊ីនទម្លាក់ខ្លួនដ៏ខ្ពស់បំផុតរបស់វៀតណាមនេះនឹងនាំអ្នកឡើងទៅលើកម្ពស់ 85 ម៉ែត្រ ឬស្មើនឹង 22 ជាន់ មុនពេលទម្លាក់ខ្លួនចុះមកក្រោមភ្លាមៗ។ សម្រាប់អ្វីដែលទន់ភ្លន់ជាងនេះ សូមសាកល្បងល្បែងទោងយោល Tree Swing។ កុំភ្លេចយកឈុតហែលទឹករបស់អ្នកមកជាមួយ៖ ស្លាយទឹកកួច (tornado waterslide) និងស្ទឹងសិប្បនិម្មិត (lazy river) នៅក្នុងសួនទឹកនឹងធ្វើឱ្យអ្នកចង់លេងហើយលេងទៀតមិនចេះជុញឡើយ។


លំហែកាយនៅក្បែរទឹក

រីសត ហូយអាន វៀតណាម

ជាមួយនឹងផ្ទៃក្រឡា 2,300 ម៉ែត្រការ៉េ អាងហែលទឹកនៅ Vinpearl មានទំហំធំទូលាយគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា។ អាងហែលទឹកដែលមានរាងដូចផ្លិតនេះលាតសន្ធឹងលើវាលស្មៅដ៏ទន់ល្មើយបែរមុខទៅរកឆ្នេរ Bình Minh ដែលមានជួរកៅអីគេងហាលថ្ងៃ និងដើមដូងជាជួរ។ ប្រសិនបើអ្នកចង់សម្រាកលំហែកាយ សូមកក់សេវាកម្មម៉ាស្សាក្បែរអាងហែលទឹកជាមួយ Akoya Spa ហើយរីករាយនឹងភាពស្រណុកសុខស្រួលក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ មាតាបិតាអាចចុះឈ្មោះកូនៗរបស់ពួកគេសម្រាប់ថ្នាក់រៀនហែលទឹករបស់រីសតបាន។ នៅពេលអ្នកហែលទឹកក្នុងអាងឆ្អែតហើយ សូមឆ្ពោះទៅកាន់ឆ្នេរសមុទ្រ។ ដើរលេងនៅលើខ្សាច់ ហែលទឹកលេងជាមួយទឹករលក ឬអានសៀវភៅល្អៗក្រោមពន្លឺថ្ងៃ -- វាស្រស្រេចលើអ្នកសម្រេចចិត្ត។


លេងវាយកូនហ្គោលមួយជុំ 

វាយកូនហ្គោល ហូយអាន

ទីលានវាយកូនហ្គោលស្ទីល links រចនាឡើងដោយក្រុមហ៊ុន IMG នៅ Vinpearl Golf Nam Hoi An មានលក្ខណៈពិសេសដោយមានរណ្តៅខ្សាច់សធម្មជាតិ ផ្លូវវាយកូនហ្គោលដ៏ធំទូលាយ និងទួលខ្សាច់បត់បែនដ៏ខៀវស្រងាត់ដែលមានកម្ពស់រហូតដល់ 11 ម៉ែត្រ ព្រមទាំងរុក្ខជាតិចម្រុះជាច្រើនប្រភេទ។ ទើបតែចាប់ផ្តើមលេងកីឡានេះមែនទេ? ទីនេះគឺជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្តើម។ អ្នកលេងគ្រប់កម្រិតអាចរីករាយជាមួយការលាយឡំនៃរណ្តៅ Par 3, Par 4 និង Par 5 ទាំងជើងវែងនិងជើងខ្លី រួមទាំងរណ្តៅ Par 4 ពីរដែលអាចវាយទៅដល់ដោយការវាយមួយដង (drivable Par 4s)។ បន្ទាប់មក សម្រាកលំហែកាយនៅក្លឹបហោស៍ (clubhouse) ដែលអ្នកអាចរីករាយជាមួយមុខម្ហូបអាស៊ី និងអឺរ៉ុប ព្រមទាំងទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីលានវាយកូនហ្គោលទាំងមូលផងដែរ។ 


ស្វែងយល់អំពីវប្បធម៌វៀតណាម

រីសត ហូយអាន វៀតណាម

ចាប់ពីផ្ទះបែបប្រពៃណីរហូតដល់ការដាក់បង្ហាញវាយនភណ្ឌជនជាតិភាគតិច កោះប្រជាប្រិយ (Folk Island) នៅ VinWonders គឺជាកន្លែងដែលអ្នកអាចស្វែងយល់អំពីវប្បធម៌ប្រពៃណីវៀតណាមទាំងអស់។ ទស្សនាផលិតផលធ្វើដោយដៃ ស្វែងយល់ពីរបៀបធ្វើគំនូរបោះពុម្ពលើបន្ទះឈើ ឬទស្សនាការសម្តែងល្ខោនស្រមោលស្បែកទឹក (water puppet show)។ ជារៀងរាល់ថ្ងៃ អ្នកអាចទស្សនាការសម្តែងពិសេស ‘Về Bến’ ដែលបង្ហាញពីជីវភាពរស់នៅក្នុងភូមិអ្នកនេសាទភាគកណ្តាលនៃប្រទេសវៀតណាម។ ការសម្តែងនេះធ្វើឡើងពីរដងក្នុងមួយថ្ងៃ គឺនៅម៉ោង 10:30 ព្រឹក និង ម៉ោង 4:30 រសៀល។ ទីតាំងដ៏លាក់កំបាំងមួយនៅលើកោះប្រជាប្រិយ (Folk Island) គឺកូនភ្នំ Wish Hill ដែលមានជណ្តើរវង់ដែលបានបំផុសគំនិតដោយរឿងព្រេងបុរាណរបស់វៀតណាម នឹងនាំអ្នកទៅកាន់កន្លែងទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត។ ទស្សនាថ្ងៃលិចនៅចុងបញ្ចប់នៃថ្ងៃដ៏ពោរពេញដោយការចងចាំដ៏អស្ចារ្យនៅក្នុងក្រុងហូយអាន (Hội An)។ 


ចង់បានគំនិតធ្វើដំណើរនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះសម្រាប់ព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានរឿងរ៉ាវល្អៗបំផុតរបស់យើងនៅក្នុងប្រអប់សំបុត្ររបស់អ្នក។